កណ្តាល÷ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអមដំណើរឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចុះពិនិត្យមើលទីតាំងវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ដើម្បីត្រៀមបើកសាលារៀនឡើងវិញហើយនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។ ក្នុងនោះ ឯកឧត្តមអភិបាលរងខេត្ត បានឲ្យក្រុមការងារស្រុក បាញ់ថ្នាំសម្លាប់មេរោគតាមអគារ និងបន្ទប់រៀនទាំងអស់ផងដែរ។
បន្ទាប់ពីបានពិនិត្យទីតាំងសាលារៀនរួច ឯកឧត្តម និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យការសាងសង់ជួសជុលអគារមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ត្រៀមផ្លាស់ប្តូរអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល រ៉ូតា ខ្សាច់កណ្តាល បន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីយកអគារវិទ្យាល័យ រ៉ូតា ខ្សាច់កណ្តាល បើកសាលារៀនឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះផងដែរ។
ឆ្លៀតឱកាសនោះ ឯកឧត្តម និងក្រុមការងារ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលព្យាបាលជាសះស្បើយចំនួន ៦នាក់ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ត្រូវអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ។ គួរបញ្ជាក់ថា ក្នុងកម្មវិធីសំណេះសំណាលនោះ ឯកឧត្តម បានចែកអំណោយជូនអ្នកព្យាបាលជាសះស្បើយរួមមាន អង្ករ១០គ.ក. មី១កេស ម៉ាស់១ប្រអប់ ជែលលាងដៃ១ដប ទឹកត្រី២ដប ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យដែលការប្រចាំការនៅមណ្ឌលព្យាបាល និងឧបត្ថម្ភថ្នាំចិនចំនួន ២០០ប្រអប់ និងអាកុល ២កាន ជូនក្រុមគ្រូពេទ្យ ដើម្បីចែកជូនអ្នកជំងឺដែលសម្រាកព្យាបាលនៅមណ្ឌលព្យាបាលផងដែរ ៕
0 Comments:
Post a Comment