ភ្នំពេញ :ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះបន្ទូលកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំធំៗនានាកន្លងមក។
យោងតាមព្រះសាររបស់ព្រះមហាក្សត្រក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធ ឡើងក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ព្រះ មហាក្សត្រ ព្រះអង្គបានមានព្រះបន្ទូលថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក៏មានហឫទ័យសោមនស្សរីករាយផងដែរ ដោយបានឃើញថា ជិតសាមសិបឆ្នាំកន្លងមកនេះ គិតចាប់ពីការបោះឆ្នោតទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជាយើង សម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយមប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។ ព្រះអង្គក៏បានកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជនរួមជាតិគ្រប់រូប ដែលបានខិតខំយ៉ាងស្វាហាប់ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួនជាហេតុនាំឱ្យកើតមាននូវសមិទ្ធផល ដ៏ធំធេងហួសពីការស្មាន ក្នុងពេលបច្ចុប្បន្ន នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហា នៃយើង។
ក្នុងព្រះរាជសារព្រះអង្គក៏បានគូសបញ្ជាក់ថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដល់រដ្ឋសភា ដែលបានអនុម័តច្បាប់ សំខាន់ៗចំនួន១០៩ ក្នុងនីតិកាលទី៦នេះ ជាឧបករណ៍បំពេញបន្ថែមទៅលើច្បាប់ ដែលបានអនុម័តរួច នៅនីតិកាលមុនៗ និងជាការបំពេញបន្ថែមដ៏មានសារៈសំខាន់បំផុត សម្រាប់ធានានូវនិរន្តរភាព នៃដំណើរឈានឡើង និងកែលម្អលទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញរបស់យើង»។
ក្នុងឱកាសនោះដែរ ព្រះអង្គបានមានព្រះបន្ទូលទៀតថា ក្រៅពីការតាក់តែងច្បាប់ខាងលើ ថ្នាក់ដឹកនាំរដ្ឋសភា ដែលមាន សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១, លោកជំទាវកិត្តិសង្ខហបណ្ឌិត អនុប្រធានទី២ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភាទាំងអស់ បានខិតខំយកអស់កម្លាំងកាយចិត្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវយ៉ាងសស្រោកសសាំ និងបាននាំយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ រួមគ្នាដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានោះដែរ ព្រះមហាក្សត្រសូមកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែល បានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអា ស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។
ព្រះអង្គបានបន្ថែមថា ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូន ជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងពង្រីកវិស័យការទូត កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ព្រះមហាក្សត្រ ព្រះអង្គក៏បានមានព្រះបន្ធួលយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមកោតសរសើរចំពោះទេពកោសល្យនៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន។ ជាក់ស្តែងការស្ដារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និងរបស័កកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុម រមនា»។
ឆ្លៀតឱកាសដ៏មហោឡារិកនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយ-បគេន ជូនពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ សូមបានប្រកបដោយសុខភាពល្អ សុភមង្គល សិរីសួស្តីគ្រប់ក្រុមគ្រួសារ និងត្រៀមលក្ខណៈចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដែលមានចក្ខុវិស័យបន្តការអភិវឌ្ឍ ដើម្បីភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យ ទាំងក្នុងពេលបច្ចុប្បន្ន និងទាំងតទៅអនាគត ៕ដោយ៖ ប៊ុនរិទ្ធ, ផ្សាយដោយ៖ dara
0 Comments:
Post a Comment