ភ្នំពេញ៖ សមាគមរាជសីហ៍ ដែលមាន ឯកឧត្តម ស៊ូម សារឿន ជាប្រធាន បានរៀបចំពិធីប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៣ ទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ និង ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍។
ពិធីប្រកួតបាល់ទាត់នេះ បែងចែកជាពីរពូល ស្មើ១០ក្រុម និងប្រកួតជា៣ជុំ នៅទីលានបាល់ទាត់ចំនួន២តារាងនៃ វិទ្យាល័យច្បារអំពៅ ភ្នំពេញ រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៨៖៣០នាទីយប់ និងមានការពិសារអាហារសាមគ្គី តន្ត្រីកម្សាន្តយ៉ាងសប្បាយរីករាយ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំសមាគម សមាជិក សមាជិកា និង កីឡាករ ជាយុវជនរាជសីហ៍ ប្រមាណជាង៥០០នាក់ មកពីតាមបណ្តាសាខារាជធានី-ខេត្ត ដូចជា៖
- សមាគមរាជសីហ៍ថ្នាក់កណ្តាល
-សាខាខេត្តកណ្តាល
-សាខារាជធានីភ្នំពេញ
-សាខាខេត្តសៀមរាប
-សាខាខេត្តកំពត
-សាខាខេត្តកែប
-សាខាខេត្តត្បូងឃ្មុំ
-សាខាខេត្តកំពង់ឆ្នាំង
-សាខាខេត្តកំពង់ស្ពឺ
-សាខាប្រទេសជប៉ុន
ក្រោយចប់ពិធីប្រកួត លោក គន្ធ រិទ្ធី អនុប្រធានសមាគមរាជសីហ៍ បានឲ្យដឹងថា ក្រុមកីឡាករមកពី សមាគមរាជសីហ៍សាខាខេត្តកណ្តាលទទួលបានចំណាក់ថ្នាក់លេខ១, សាខាខេត្តកំពង់ស្ពឺលេខ២, សាខារាជធានីភ្នំពេញលេខ៣ និងសាខាខេត្តសៀមរាបលេខ៤។
ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ បានអញ្ជើញជាអធិបតីពិធីបើកការប្រកួត និងថ្លែងថា ពិធីប្រកូតបាល់ទាត់មិត្តភាពរបស់សមាគមរាជសីហ៍នេះ ប្រារព្វឡើងក្នុងគោលបំណងចម្បងចំនួន០៤គឺ៖
១.អបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៤៣ ដែលជាថ្ងៃកំណើតទី២របស់យើង។ មានថ្ងៃ៧មករា ទើបយើងមានឱកាសប្រកួតបាល់ទាត់នាពេលនេះ និងសូមចាត់ទុកថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្ររបស់សមាគមរាជសីហ៍យើងផងដែរ ។
២.បង្ហាញពីសន្កានុពល ឧត្តមភាព និងវឌ្ឍនភាពនៃសមាគមរាជសីហ៍ ដែលទើបមានអាយុកាលជាង២ឆ្នាំ ប៉ុន្តែ មានថ្នាក់ដឹកនាំនិងសមាជិកសមាជិកា ជិត២,០០០នាក់ និងបានបង្កើតសាខាស្ទើរគ្រប់រាជធានី ខេត្តទូទាំងប្រទេស ព្រមទាំងក្រៅប្រទេសផងដែរ ដែលសរុបមាន១៦សាខាហើយ។ ដោយឡែកវិស័យកីឡាក៏បានពង្រីកខ្លួនពីស្នាក់ការកណ្តាលទៅគ្រប់សាខា ដូចបានចូលរួមប្រកូតថ្ងៃនេះជាសក្ខីភាពស្រាប់
៣. បង្ហាញស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីវឌ្ឍនៈភាពសមាគមយើង
៤.ដើម្បីសុខភាព ចំណងមិត្តភាព សន្តិភាព
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់ពានរង្វាន់ដល់កីឡាករ និងបិទការប្រកួត ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែង អំណរគុណ និងការកោតសរសើរ ដល់ថ្នាក់ដឹកនាំសមាគមរាជសីហ៍ដែលមានភាពឆ្លាតវៃ ដឹកនាំធ្វើឲ្យសមាគមមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ឯកឧត្តមបណ្ឌិតថ្លែងបន្តថា សមាគមរាជសីហ៍ រៀបចំពិធីប្រកួតបាល់ទាត់ថ្ងៃនេះ គឺជាការចូលរួមអបអរសាទរទិវាជ័យជន្នះ៧មករា និងជាការដឹងគុណ ប្រកបដោយគុណធម៌ សីលធម៌ និងតម្លៃ ចំពោះថ្នាក់ដឹកនាំ ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលសម្តេចតេជោ បានលះបង់គ្រប់បែបយ៉ាង យកជីវិតធ្វើដើមទុនរំដោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីការកាប់សម្លាប់ដោយរបបប្រល័យពូជសាសន៍ប៉ុលពត ដែលរហូតមកដល់ថ្ងៃនេះ គឺជាខួបលើកទី៤៣ឆ្នាំ។ ទន្ទឹមនោះ សម្តេចតេជោ តែងតែយកចិត្តទុកដាក់ គិតគូរកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ជាពិសេសចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា ហើយ សមាគមរាជសីហ៍ពិតជាបានចូលរួមចំណែកដ៏សំខាន់ក្នុងការ លើកកម្ពស់សុខភាព និងជីវភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពមនុស្សធម៌ និងវិស័យកីឡា ដែលនេះជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីការពិសារអាហារសាមគ្គី រាំលេងកម្សាន្ត យ៉ាងសប្បាយរីករាយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានថ្លែងកការកោតសរសើ ថ្នាក់ដឹកនំាសមាគម គណៈកម្មការរៀបចំពិធីប្រកួត និងកីឡាករទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនបានយ៉ាងល្អ ដែលធ្វើឲ្យការប្រកួតឆ្នាំនេះ ទទួលបានជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ក្រោមម្លប់សន្តិភាព។
ឯកឧត្តមប្រធានបានផ្តាំផ្ញើដល់ កីឡាករមកពីគ្រប់សាខាសមាគម ទោះបីបានទទួលពានលេខ១ ឬមិនបានពានក្តី សូមឈរលើស្មាតីឈ្នះៗជាលក្ខណៈគ្រួសាររាជសីហ៍តែមួយ។
ទីបញ្ចប់ ឯកឧត្តមប្រធានសមាគម បានជូនពរកីឡាករ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមទាំងអស់ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ ធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាពទាំងអស់គ្នា៕
0 Comments:
Post a Comment