ខេត្តកំពត៖ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់តាំង លោក កុល វិសិត នាយករដ្ឋបាលស្រុក ដឹកនាំអាជ្ញាធរភូមិ ឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក ប្រគល់ជូន ដល់លំនៅឋានគ្រួសារ លោកស្រី កែវ ខន អាយុ៥៤ឆ្នាំ ជាស្ត្រីមេម៉ាយ កូនក្នុងបន្ទុក៥នាក់ ដែលកំពុងជួបការលំបាកក្នុងជីវភាពគ្រួសារ ព្រោះតែ១០ថ្ងៃមកនេះ គេហដ្ឋានរបស់គាត់បានរលំទាំងស្រុង និងពុំមានលទ្ធភាពក្នុងការសាងសង់ផ្ទះឡើងវិញ ស្ថិតនៅភូមិកោះគ្រឹះស្នា ឃុំឬស្សីស្រុកខាងលិច។
អំណោយដែលបានប្រគល់ជូនមាន៖ អង្ករ២៥គ.ក មី១កែស ទឹកត្រី១យួរ ត្រីខ១យួរ ទឹកសុទ្ធ១យួរ និងថវិកាសរុប៩០,០០០៛ (ថវិកាកាកបាទ៥០,០០០៛) ។ ហើយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ គ្រួសារខាងលើ អាជ្ញាធរឃុំបានជួយឧបត្ថម្ភថវិកាចំនួន២០០,០០០៛ផងដែរ។
ក្រៅពីអំណោយខាងលើ ក្រុមការងារស្រុក និងឃុំឬស្សីស្រុកខាងលិច បានវាស់វែងដើម្បីសាង់សង់គេហដ្ឋានថ្មីជូនគ្រួសារគាត់ឡើងវិញដែលមានទំហំ៤មx៨ម ដោយចំណាយថវិកាក្រុមការងារឃុំ និងសប្បុរសជន។
សូមបញ្ជាក់ថា ថ្មីៗនេះ មានសារព័ត៌មាន បានបង្ហោះ ស្នើសុំជំនួយពីសប្បុរសជនជួយផ្គត់ផ្គង់ជីវភាពស្ត្រីខាងលើ៕
0 Comments:
Post a Comment