ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលមានហានិភ័យទាប តាមប្រព័ន្ធZoom ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំងអស់ នៃខេត្តកណ្ដាល។
មានប្រសាសក្នុងកិច្ចប្រជុំ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដើម្បីត្រៀមបើកសាលាឡើងវិញ រដ្ឋបាលខេត្ត នឹងជ្រើសរើសយកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើកដំណើរការសាកល្បងមុនគេ និងឈានទៅបើកសាលាបន្តបន្ទាប់យោងតាមស្ថានភាពសមស្រប។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលបាលខេត្ត បានធ្វើការណែនាំដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាអាជ្ញាធរ មុននឹងបើកសាលាសាកល្បងឡើងវិញ យើងត្រូវអនុវត្តទៅតាមនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖
-ធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ ដើម្បីធានាថា ការបើកសាលាសាកល្បងឡើងវិញរបស់យើង មិនមានហានិភ័យនៃការឆ្លងជំងឺនេះ។
-ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន។ ចំពោះសិស្ស និងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់ ។
-ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃដាក់នៅតាមមុខថ្នាក់រៀន ដើម្បីឱ្យសិស្ស និងគ្រូលាងសម្អាតដៃមុនពេលចូលសាលា និងត្រូវរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមជាចំបង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣. ការពារ និង៣.កុំ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា៕
0 Comments:
Post a Comment