សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យត្រួតពិនិត្យ និងណែនាំពីលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ ក្រោយផ្ទុះសកម្មភាពយុវជន និងកុមាររាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្ត ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យត្រួតពិនិត្យ និងណែនាំពីលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ ក្រោយផ្ទុះសកម្មភាពយុវជន និងកុមាររាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្ត

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញ Facebook ផ្លូវការ បានដាក់បទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។

ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា ក្នុងពេលថ្មីៗនេះ មានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន និងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់។

ជាមួយគ្នានេះ សម្តេចបានពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មេងៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។

តាមរយៈបណ្តាញ Facebook ផ្លូវការសម្តេចធិបតី បានបង្ហោះខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ៕

0 Comments:

Post a Comment

KKK
Share This