កំពង់ចាម: ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរដោយ លោកជំទាវអនុប្រធាន អចិន្ត្រៃយ៍ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា និងអនុសាខាស្រុក ព្រមទាំងសហការី បានយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ខូចខាតផ្ទះ សម្បែងនៅក្នុងស្រុកកងមាសចំនួន៣៨គ្រួសារ ដែលមកពីឃុំចំនួនបីគឺ ឃុំព្រែកកុយចំនួន ២៩ គ្រួសារ ឃុំរាយបាយចំនួន០៧គ្រួសារ និងឃុំព្រែកក្រប៉ៅចំនួន០២គ្រួសារ កាលពីព្រឹក ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ ក្នុងបរិវេណវត្តជេតពន «ហៅវត្តត្រី » នៅក្នុងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជា ខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ដែលបានជួបគ្រោះមហន្តរាយធម្មជាតិ បង្កឱ្យខូច ខាតទ្រព្យសម្បត្តិលំនៅឋាន ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់ ការលំបាក នានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ អ្វីឡើយគឺស្របតាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា " ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិតទុកដាក់ ខ្ពស់លើបញ្ហាសុខភាព ព្រោះជាទ្រព្យសម្បត្តិដ៏សំខាន់ណាស់ ពិសេសក្នុងបរិបទនៃជំងឺកូវីដ ១៩ដ៏កាចសាហាវនេះ ត្រូវចេះរស់នៅតាមរបទគន្លងថ្មី គឺត្រូវអនុវត្តន៍តាមវិធានការ ៣កុំ និង៣ការពារ របស់សម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលឱ្យបានជាប់ជាប្រចាំទើប យើងទទួលបាននូវសុខភាពល្អ ហើយកាត់ផ្តាច់ការចម្លងការរាលត្បាតនៃជំងីកូវីដ-១៩ ដល់ ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិយើង និងត្រូវខិតខំបង្កើនការដាំដុះដំណាំរួមផ្សំ និងការ ចិញ្ចឹមសត្វគ្រប់ប្រភេទសម្រាប់ទ្រទ្រង់ក្នុងជីវភាពគ្រួសារ ក្នុងកាលៈទេសៈនៃការរាត្បាត នៃជំងឺកូវីដ១៩នេះ។
ចំពោះអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង ៣៨គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត២ និងថវិកាអ្នកដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ០៦គ្រួសារទទួលបានថវិកា ៣០០,០០០រៀល និងអ្នកដែលខូចខាតមធ្យមចំនួន ៣២គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល៕ដោយ ឆាយ ម៉ុត
0 Comments:
Post a Comment